NavigationBar

NavigationBar

ច្បាប់​គ្រប់​គ្រង​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​ នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​រីក​ចំរើន​

ដោយ អៀត ដារ៉ាវុធ ថ្ងៃពុធ ទី31 សីហា ឆ្នាំ2011
      
អង្គការ​សេដាក​ បាន​​ស្វាគម​ន៍​ចំពោះ​​ ​ទី​ស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​​ដែល​​បាន​​អនុ​ម័ត​​ លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​ ​​ស្តី​​ពី​​ការ​​គ្រប់​​គ្រង​​ថ្នាំ​​​កសិកម្ម​​ និង​​ជី​​​កសិកម្ម​ ​នា​ពេល​កន្លង​មក​ ដោយ​​ថា ​ច្បាប់​​នេះនឹង​ធ្វើ​​ឲ្យ​​សេដ្ឋ​​កិច្ច​​ជាតិ​រីក​ចំរើន​។
តាម​រយៈ​សេចក្តី​ថ្លែង​​ការណ៍​របស់​​​មជ្ឈ​​មណ្ឌល​​សិក្សា​​ និង​​អភិវ​ឌ្ឍន៍​​កសិកម្ម​កម្ពុជា​ ហៅ​កាត់​​សេដាក​ នៅ​ថ្ងៃ​ទី​​៣១ ខែ​​​សីហា​​នេះ​ គឺ​​បា​ន​​​បង្ហាញ​​ថា​ ក្នុង​​រយៈ​ពេល​ជាង​ ​​១៤ ​ឆ្នាំ​​ ដែល​​អង្គការ​សេ​ដាក​​ធ្វើ​ការ​ទាក់​​ទង​​​នឹង​កសិកម្ម​នៅ​​កម្ពុជា​​ គឺ​សង្កេត​ឃើញ​ថា ​ការ​គ្រប់​​គ្រង​​ថ្នាំ​​កសិកម្ម​​ និង​ជី​​កសិកម្ម ​ពិសេស​​ការ​​ត្រួត​​ពិ​និត្យ​​​លើ​​ការ​នាំ​​ចូល​​ថ្នាំ​​កសិកម្ម ​និង​​ជី​កសិកម្ម​ខុស​​ច្បាប់ ​នៅ​មាន​​ភាព​​ធូរ​រលុង​​នៅ​​ឡើយ​ ដោយ​​សារ​តែ​​គ្មាន​​ច្បាប់​​ស្តី ​ពី​ការ​គ្រប់​​​គ្រង​ថ្នាំ​​កសិកម្ម​ ​​និង​​ជី​​កសិកម្ម​។
សេចក្តី​ថ្លែងការណ៍​​បង្ហាញ​ថា ​​អង្គការ​សេដាក​​គាំ​​ទ្រ​​ឲ្យ​​មាន​​ការ​បង្កើត​​ច្បាប់​​នេះ ​ដើម្បី​​លប់​​បំបាត់​​អំពើ​​អ​សិល​​ធម៌​​​ក្នុង​​សកម្ម​ភាព​​ពាណិ​ជ្ជ​​កម្ម​ ថ្នាំ​​កសិកម្ម​ និង​ជី​កសិកម្ម​ ដើម្បី​​​ការពារ​​ផល​​ប្រយោជន៍​​កសិករ​ ​និង​​អ្នក​​ប្រើ​​ប្រាស់​​។ សេចក្តី​ថ្លែង​ការណ៍​​បង្ហាញ​​ពី​​ការ​យល់​​ឃើញ​ថា ​វត្ត​​មាន​​រ​បស់​​ច្បាប់​​​ស្តី​​ពី​​ការ​​​គ្រប់​​គ្រង​​ថ្នាំ​​កសិកម្ម​ និង​ជី​​កសិកម្ម​ គឺ​ជា​​ការ​​ចាំ​​បាច់​ ​និង​​មាន​​សារៈ​​សំខាន់​​បំផុត ​សម្រាប់​​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​​កម្ពុជា​​។
ជា​មួយ​​គ្នា​នេះ​ សេចក្តី​​ថ្លែង​ការ​ណ៍​​បាន​​ស្រង់​​សម្តី​​នាយក​​បរិស្ថាន​ ​និង​​សុខភាព​របស់​​អង្គការ​សេដាក​​​លោក​ ​គាម មករាឌី​ ផ្សាយ​​ថា ​ច្បាប់​​ស្តី​​ការ​គ្រប់​​គ្រង​​ថ្នាំ​​កសិកម្ម​​ និង​ជី​កសិកម្ម​នេះ​ នឹង​​ជួយ​​លើក​​ទឹក​​ចិត្ត​​បន្ថែម​ទៀត​​ដល់​អ្នក​វិនិយោគ ​និង​​លើក​​កំពស់​​សេដ្ឋកិច្ច​​ជាតិ​ ​និង​បរិស្ថាន​ផង​ដែរ​។
ចំណែក​​ប្រធាន​​អង្គការ​សេដាក​​លោក ​យ៉ង សាំង​កុមារ ​ត្រូវ​បាន​​សេចក្តី​​ថ្លែងការណ៍​​ស្រង់​សម្តី​​ចុះ​​ផ្សាយ​ថា ​ក្រៅ​ពី​ការ​​អនុវត្ត​​ច្បាប់​​នេះ​ ​​ឲ្យ​​មាន​​ប្រសិទ្ធិភាព​ រដ្ឋា​ភិបាល​​គួ​រ​​បង្កើន​​ការ​លើក​ស្ទួយ​​កសិកម្ម​​សរីរាង្គ ​ឬ​កសិកម្ម​​តាម​​គោល​ការណ៍​​ធម្មជាតិ​ ដើម្បី​​ធ្វើ​​ឲ្យ​​កម្ពុជា​ ​មាន​​​​ចំណី​អា​ហារ​​​គ្មាន​ជាតិ​ពុល​៕

By VOD