បទពិសោធន៍ដាំខ្ទឹមស |
លោកពូ តិច គាង អាយុ ៤៥ ឆ្នាំ រស់នៅភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ គាត់មានបទពិសោធន៍ដាំខ្ទឹមសបានផលល្អ ទិន្នផលខ្ពស់ ។ បទពិសោធន៍នេះ គាត់ចេះតៗគ្នា ពីកសិករដែលធ្វើការដាំដុះនៅក្នុងតំបន់របស់គាត់ ។ នៅលើផ្ទៃដីទំហំ ៧ អារ គាត់ទទួលបានទិន្នផល ៥៦០ គីឡូក្រាម ហើយលក់បានក្នុងតំលៃ ២៥០០ រៀល ក្នុង ១ គីឡូក្រាម បើទូទាត់លើការចំណាយគាត់ទទួលបានប្រាក់ចំណេញ ៥៩២ ០០០ រៀល ក្នុងរយៈពេល ៤៥ ថ្ងៃ ឬប្រហែល ១៣ ០០០ រៀល ក្នុង ១ ថ្ងៃ ។ ១.ការត្រៀមពូជដាំ ពូជខ្ទឹមដែលដាំបានមកពីការទិញនៅទីរួមខេត្តបាត់ដំបង ។ នៅលើផ្ទៃដីទំហំ ៧ អារ គាត់ដាំពូជអស់ចំនួន ១៧គីឡូក្រាម ។ មុនដាំ គាត់បានយកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ ។ ២.ការរៀបចំដីដាំនិងការដាំ ក្នុងការធ្វើដី លោកពូមានបទពិសោធន៍ថាត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់ ។ បន្ទាប់មក គាត់កាប់លើកជារងដែលមានទទឹង ១ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥ តឹក ។ នៅលើរងនិមួយៗ គាត់បានដាក់ជីលាមកសត្វពុកផុយទ្រាប់បាត ។ គាត់បានយកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ ៣.ការថែទាំ ក្រោយពីដាំហើយ គាត់ស្រោចទឹកឲ្យជោគ នៅពេលខ្ទឹមដុះ គាត់កាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព ។ គាត់ថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច) ។ ក្រៅពីការស្រោចទឹក គាត់បានជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ ។ ក្នុងការដាំខ្ទឹមនេះ គាត់ពុំបានជួបប្រទះសត្វល្អិតបំផ្លាញទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត ។ ចំពោះដី គាត់ដាក់តែមួយដងប៉ុណ្ណោះ ប៉ុន្តែដាក់ច្រើននៅពេលទ្រាប់បាត ។ ៤.ការប្រមូលផល ក្រោយពីដាំបានរយៈពេល ៤៥ ថ្ងៃ គាត់ចាប់ផ្តើមដកប្រមូលផល ។ នៅលើផ្ទៃដី ៧ អារ គាត់ប្រមូលផលបាន ៥៦០ គីឡូក្រាម ។ ទូទាត់លើការចំណាយ គាត់ទទួលបានប្រាក់ចំណេញសុទ្ធ ៥៩២ ០០០ រៀល ។ សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន: - រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ - ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន - កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ - ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ ២ តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់ - ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម ៕ By CEN |
NavigationBar
NavigationBar