របៀបកំចាត់សត្វល្អិតបំផ្លាញដំណាំស្រូវ ដោយប្រើរុក្ខជាតិវល្លិ៍បណ្តូលពេជ្រ |
ដើមបណ្តូលពេជ្រ ជារុក្ខជាតិប្រភេទវារតោងម្យ៉ាង មានឫសវែងធ្លាក់ចុះមកដី ដើមដែលជាវល្លិ៍ មានលក្ខណៈពកៗ មិនស្មើគ្នា និងមានរសជាតិល្វីង ជាពិសេសដើម ដែលមានអាយុពី១០ ខែឡើងទៅ វាមានសារធាតុគ្រប់គ្រាន់សំរាប់ប្រើ ។ ស្លឹករបស់វាមានទងវែងរលីង ផ្ទៃស្លឹកខាងលើមានពណ៌បៃតង ចាស់ជាងខាងក្រោម ។ ផ្កាជាកញ្ចុំរួត ញឹក ចេញពីត្រង់ប្រគាបស្លឹក ។ ផ្លែរាងមូលដូចស៊ុតមានគ្រាប់មួយ ។ រុក្ខជាតិនេះ មានឈ្មោះវិទ្យាសាស្ត្រហៅថា ទីណូស្ព័ររ៉ា គ្រីសស្ប៉ា (Tinospora crispa) ។ រុក្ខជាតិនេះច្រើនដុះនៅក្នុងព្រៃ ហើយកសិករយើងមិនសូវយកចិត្តទុកដាក់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក៏មានកសិករមួយចំនួនបានស្គាល់ ហើយយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺ ។ តាមការស្រាវជ្រាវបានបង្ហាញ ឲ្យឃើញថា រុក្ខជាតិនេះមានសារៈប្រយោជន៍ណាស់អាចប្រើជាថ្នាំសំលាប់សត្វល្អិតបំផ្លាញដំណាំផង និងប្រើជាឱសថព្យាបាលជំងឺមនុស្ស និងសត្វផង ។ ប៉ុន្តែយើងសូមបង្ហាញជូនទៅលើការប្រើសំរាប់កំចាត់សត្វល្អិតប៉ុណ្ណោះ ។ ១. ការប្រើជាថ្នាំសំលាប់សត្វល្អិត ដើម្បីសំលាប់ដង្កូវយោលទោង ដង្កូវស៊ីរូងដើម ស្រឹងខ្មៅខ្នង មមាចត្នោត និងមមាចខៀវ យើងអនុវត្តការប្រើប្រាស់ដូចខាងក្រោម : របៀបប្រើសំរាប់ត្រាំឫសសំណាប : យកវល្លិ៍បណ្តូលពេជ្រចំនួន ២ គីឡូក្រាម ទៅកាត់ឲ្យខ្លីៗ ហើយបន្ទាប់មកយកទៅកិនបំបែកលាយ វល្លិ៍ ដែលយើងបំបែករួចជាមួយទឹក ១០ លីត្រ ហើយត្រាំសំណាបក្នុងល្បាយនេះរយៈពេល ១ យប់មុននឹងយកទៅស្ទូង ។ របៀបប្រើលើស្រូវកំពុងដុះលូតលាស់ កាត់វល្លិ៍ជាកំណាត់ៗ ប្រវែង ៣ តឹក ហើយចងវាទៅនឹងបង្គោលឫស្សីរបៀបដូចជាកាំជណ្តើរដាក់ជណ្តើរនេះនៅត្រង់មាត់ច្រកទឹកហូរចូលស្រែ ។ ទឹកនឹងហូរកាត់ពីលើវា ហើយនាំយកសារធាតុពុលដល់សត្វល្អិតទៅជាមួយ ដោយហូររាយពេញក្នុងស្រែ ។ របៀបប្រើកប់ដើមទៅក្នុងដី និងបាចក្នុងស្រែ កាត់វល្លិ៍ជាកំណាត់ខ្លីៗ បាចឲ្យស្មើរដៃទៅក្នុងស្រែ ។ គេប្រើវាក្នុងបរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុងមួយហិកតា ចំពោះសត្វល្អិត ច្រើនយើងប្រើដូចខាងក្រោម : ១- បាចហើយកប់វាទៅក្រោយពេលភ្ជួរ និងមុនពេលរាស់ដី ២- បាចវាក្នុងស្រែរយៈពេល ២៥ ថ្ងៃក្រោយពេលព្រោះ ឬស្ទូង ៣- បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃក្រោយពេលព្រោះ ឬស្ទូង ។ ចំពោះសត្វល្អិតមធ្យម យើងប្រើដូចខាងក្រោម : ១. បាចហើយកប់វាទៅក្នុងដី ក្រោយពេលភ្ជួរ និងមុនពេលរាស់ដី ២. បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃ ក្រោយពេលព្រោះ ឬស្ទូង ៕ by CEN |
NavigationBar
NavigationBar