|         ផ្កាកូឡាបត្រូវបានគេដាំនៅគ្រប់ទីកន្លែង   ស្ទើរពាសពេញពិភពលោក ពីព្រោះវាមានផ្កាយ៉ាងល្អឆើតឆាយណាស់ ។   ខ្មែរយើងវិញក៏និយមចូលចិត្តដាំវាដែរ   ប៉ុន្តែច្រើនតែដាក់ដាំនៅក្នុងផើង ពុំសូវឃើញមានដាំតាមសួនទេ   តែបើសិនជាមានវិញ មិនយូរប៉ុន្មាន វាក៏ត្រូវងាប់ ឬមានផ្កាកាន់តែតូចទៅ   ឬលែងមានផ្កាល្អៗដូចគ្រាដាំដំបូង ។  ដើម្បីថែរក្សាផ្កាកូឡាបឲ្យល្អទៅបាន   យើងត្រូវដឹងខ្លះដែរពីវិធីសាស្ត្រមួយចំនួន ដោយរួមមានទាំងការថែទាំ   ស្រោចទឹក ដាក់ជី និងការពារវាពីសត្វល្អិចង្រៃផ្សេងៗ ។ តែពេលនេះ   យើងសូមលើកយកតែវិធីបណ្តុះដើមកូឡាបពីទងផ្កាដែលយើងបានទិញមកពីផ្សារ   ពីព្រោះវាជាពូជផ្កាដែលល្អ មួយវិញទៀត   ធ្វើឲ្យយើងអាចយល់ដឹងពីបច្ចេកទេសនៃការបណ្តុះឫសពីទងកូឡាបសម្រាប់ដាំផងដែរ   ។ វិធីបណ្តុះឫសកូឡាប :  កូឡាបអាចត្រូវបណ្តុះដោយប្រើឫស,   មែក, និងទងរបស់ផ្កា   គេក៏អាចបំបែកវាដោយការប្រើពន្លកចេញពីមែកផងដែរ ។ វិធីបណ្តុះផ្កាកូឡាបចេញពីទងផ្កា  ១) យើងអាចទៅផ្សារអូឫស្សី   (ខាងកើតផ្សារ) ឬផ្សារថ្មី ដើម្បីទិញផ្កាកូឡាប   តែត្រូវរើសរកផ្កាណាដែលមានទងថ្លោសល្អ   និងមានទងនោះវែងហើយមានផ្កាធំៗល្អ ទិញចំនួនតែ ៥ទងមកបានហើយ ។   (ត្រូវឲ្យមានស្លឹកខ្លះនៅជាប់ជាមួយទងផង)  ២) ចូលទៅក្នុងផ្សាអូឫស្សី   តាមច្រកខាងកើត រកមើលកន្លែងលក់គ្រាប់ពូជដំណាំ   សួរគេរកទិញថ្នាំបណ្តុះឫស ផលិតនៅប្រទេសថៃ សំបកប្រអប់ពណ៌បៃតង ។   ថ្នាំបណ្តុះឫសនេះជាប្រភេទថ្នាំទឹក វាមានតម្លៃ ១២០០៛ ក្នុងមួយដប   ទិញត្រឹម ១ដបមកបានហើយ ។  ៣) ពេលយកមកដល់ផ្ទះ   យើងត្រូវដាក់ផ្កាកូឡាបនេះត្រាំក្នុងទឹកធម្មតា កុំប្រើទឹកម៉ាស៊ីន   ដាក់ត្រាំឲ្យលិចគល់ទង ប្រហែល ៥សង្ទីម៉ែត្របានហើយ ។  ៤) រកកន្ត្រៃកាត់មួយ   កន្ត្រៃដែលគ្មានច្រែស សម្រាប់កាត់ស្លឹក និងទង ។  ៥) ថង់ប្លាស្ទីក (ថង់ដាក់បង្អែម)   ខ្នាតប៉ុន ១៥សង្ទីម៉ែត្រ (ទទឹង) ប្រហែល ២០សង្ទីម៉ែត្រ (បណ្តោយ)  ៦)   រកស្រកីដូងមួយចំនួនមកដាក់ត្រាំក្នុងធុងទឹក   រួចសង្កត់ឲ្យលិចទៅក្នុងទឹក ទុកចោលមួយសន្ទុះ ទើបយកមកដំ   ដោយប្រើលើអង្កត់ធំមួយ យើងដំយកកំទេចរបស់វា (កំទេចម៉ត់)   យើងត្រូវការកំទេចនេះប្រហែល ១ត្រឡោកដូង ឬច្រើនជាងនេះ ។  ៧)   យកផ្កាកូឡាបដែលបានដាក់ត្រាំក្នុងទឹកនោះ មកកាត់យកផ្កាចេញ   កាត់ត្រឹមគល់របស់ទងផ្កា កាត់ស្លឹកចេញទាំងអស់ គឺកាត់ត្រឹមគល់ស្លឹក   (ទងស្លឹក) កាត់ផ្នែកខាងចុងគល់ទងចោលប្រហែល ៥សង្ទីម៉ែត្រ   ប្រើកាំបិតស្លាពុះច្រៀកគល់ទងនេះជាបួនប្រវែងប្រហែល ៥សង្ទីម៉ែត្រ   គឺលៃយ៉ាងណាឲ្យបានមកជិតដល់គល់ទងស្លឹកដែលនៅក្រោមគេបំផុត ។ ចាក់ទឹកថ្នាំបណ្តុះឫសចូលក្នុងកូនថង់ប្លាស្ទីកតូចមួយ   (ថង់ដាក់ប៊ីចេង) ចំនួនប្រហែលពីរគំរប   កាត់ទងកូឡាបទាំងប្រាំដូចបានប្រាប់ខាងដើម   ដាក់គល់ទងដែលបានច្រៀកចូលក្នុងកូនថង់ទឹកថ្នាំនេះ ក្របួចមាត់ថង់ ក្រឡុកបន្តិច   ដើម្បីឲ្យទឹកថ្នាំបានចូលក្នុងទងបានសពល្អ ទុកវាមួយឡែកសិន   រកដីដែលស្អាត ឬទិញដីជីកំប៉ុស្ត ចំនួន ១បាវ (១៥០០៛)   មកច្របាច់បំបែករួចដាក់ហាលថ្ងៃចំនួនល្មមសម្រាប់បណ្តុះកូឡាបប្រាំទងនេះ   បន្ទាប់ពីបានហាលដីនេះមួយសន្ទុះ ប្រហែល ២០-៣០នាទី   យកវាមកលាយច្របល់ជាមួយកំទេចស្រកីដូង ។ បន្ទាប់ពីបានច្របល់សព្វហើយ   យកទឹកថ្នាំបណ្តុះឫសមួយគំរបមកលាយជាមួយទឹកស្អាត (ទឹកធម្មតា   ឬទឹកសុទ្ធ) ចំនួន ១លីត្រ ដាក់ចូលក្នុងដបបាញ់ទឹក   បាញ់សាចលើដីដែលបានលាយនោះឲ្យសព្វល្អ រហូតដីនោះមានសំណើម   តែមិនឲ្យសើមពេកណាស់ណាទេ ។ ច្រកដីទាំងនេះចូលក្នុងថង់បណ្តុះត្រឹម 3/4   សង្កត់វាឲ្យណែនល្មម យកម្រាមដៃរុកចូលចំកណ្តាល   ដកយកទងកូឡាបដែលបានរៀបចំហើយនោះមកស៊កដោយប្រយ័ត្ន   ឲ្យលិចចូលក្នុងដីប្រមាណជា ១០សង្ទីម៉ែត្រ សង្កត់ដីជុំវិញលុបកល់ទងឲ្យណែនល្អ   បាញ់ទឹកដាក់ត្រង់គល់ទងបន្ថែម យកកៅស៊ូមកចងក្របួចមាត់ថង់នេះ   ដាក់វាមួយអន្លើ រួចធ្វើដូចគ្នាបែបនេះរហូតគ្រប់ទាំងប្រាំទង   យកទងដែលយើងទើបបានដាក់បណ្តុះនេះ   ទៅរក្សាទុកនៅត្រង់ទីដែលមានម្លប់ខ្លះៗ សូមយកថង់ធំមួយមកគ្របពីលើទងមកនោះផង,   ទីដែលនៅជុំវិញថង់បណ្តុះនោះត្រូវចាក់ទឹកឲ្យសើមជានិច្ច   មិនត្រូវឲ្យស្ងួតជាដាច់ខាត   រក្សាវាទុកបែបនេះរហូតយើងឃើញវាមានចេញឫសសៗតាមខាងៗរបស់ថង់ដែលយើងបានបណ្តុះនោះ   ។ បញ្ជាក់ :   ឫសនោះមានទំហំធំៗថ្លោសល្អ តែបើឫសនោះមានសសៃតូចៗវិញ វាមិនសូវល្អទេ   (តែអាចដាំបានដូចគ្នា) ។  នៅពេលកូឡាបនេះមានចេញជាត្រួយថ្មី   ប្រហែល ១០ ទៅ ២៥សង្ទីម៉ែត្រ យើងអាចយកវាទៅដាំបានហើយ   តែបើយើងមិនឃើញវាមានដុះឫសចេញមកសោះក្នុងរវាង ១០ថ្ងៃ នោះបានសេចក្តីថា   វាមិនដុះទេ ត្រូវព្យាយាម ធ្វើដដែលនេះសារជាថ្មី តែត្រូវទិញ   ទងកូឡាបដែលល្អជាងមុន និងទិញពីកន្លែងផ្សេង វិធីបណ្តុះគឺនៅរក្សាដដែល   ។  បើសិនយើងអាចបណ្តុះវាបានជោគជ័យ   នោះយើងនឹងមានផ្កាកូឡាបស្រស់បំព្រងគ្រប់ពេលវេលាសម្រាប់ដាក់តាំងលំអជាពុំខានឡើយ   ។  កូឡាបត្រូវការជីប្រភេទអាចម៍ប្រចៀវលាយជាមួយទឹក   យកមកស្រោចត្រង់គល់របស់វា   យើងក៏អាចយកកំទេចកំទីពីចង្ក្រានបាយមកត្រាំទឹក   រួចប្រើទឹកនោះស្រោចក៏បាន ក្រៅពីនេះវាត្រូវការជីប្រភេទ ហ្វូសហ្វាត   ដើម្បីធ្វើឲ្យផ្កាធំល្អ និងផ្កាច្រើន ។  ប្រើជីកំប៉ុស្តដាក់ជុំវិញគល់ តែមិនត្រូវស្រោចទឹកឲ្យសើមពេកទេ   កុំប្រើទឹកម៉ាស៊ីនថ្មីៗ ស្រោចគួបើកដាក់ចូលក្នុងពាងទុកឲ្យបាន   ២៤ម៉ោងសិនមុនយកមកស្រោចដំណាំ ។         ដោយ : កញ្ញា សូឡានី | 
NavigationBar
NavigationBar
 


