NavigationBar

NavigationBar
របៀប​កំចាត់​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ ដោយ​ប្រើ​រុក្ខជាតិ​វល្លិ៍​បណ្តូល​ពេជ្រ​
        ដើម​បណ្តូល​ពេជ្រ ជា​រុក្ខជាតិ​ប្រភេទ​វា​រតោង​ម្យ៉ាង មាន​ឫ​សវែង​ធ្លាក់ចុះ​មក​ដី ដើម​ដែល​ជា​វល្លិ៍ មាន​លក្ខណៈ​ពកៗ មិន​ស្មើ​​គ្នា និង​មាន​រសជាតិ​ល្វីង ជាពិសេស​ដើម ដែល​មាន​អាយុ​ពី១០ ខែ​ឡើង​ទៅ វា​មាន​សារធាតុ​គ្រប់គ្រាន់​សំរាប់​ប្រើ ។ ស្លឹក​របស់​វា​មាន​ទង​​វែង​រលីង ផ្ទៃ​ស្លឹក​ខាងលើ​មាន​ពណ៌​បៃតង ចាស់​ជាង​ខាងក្រោម ។ ផ្កា​ជា​កញ្ចុំ​រួត ញឹក ចេញ​ពី​ត្រង់​ប្រគាប​ស្លឹក ។ ផ្លែ​រាង​មូល​ដូច​ស៊ុត​​មាន​គ្រាប់​មួយ ។ រុក្ខជាតិ​នេះ មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា ទីណូ​ស្ព័​ររ៉ា គ្រីស​ស្ប៉ា (Tinospora crispa) ។​

         រុក្ខជាតិ​នេះ​ច្រើន​ដុះ​នៅក្នុង​ព្រៃ ហើយ​កសិករ​យើង​មិនសូវ​យកចិត្តទុកដាក់​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មាន​កសិករ​មួយ​​ចំនួន​បាន​ស្គាល់ ហើយ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការព្យាបាល​ជំងឺ ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញ ឲ្យឃើញថា រុក្ខជាតិ​នេះ​មាន​សារៈ​​ប្រយោជន៍​ណាស់​អាច​ប្រើ​ជា​ថ្នាំ​សំលាប់​សត្វល្អិត​បំផ្លាញ​ដំណាំ​ផង និង​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​មនុស្ស និង​សត្វ​ផង ។ ប៉ុន្តែ​យើង​សូម​​បង្ហាញ​ជូន​ទៅ​លើ​ការប្រើ​សំរាប់​កំចាត់​សត្វល្អិត​ប៉ុណ្ណោះ ។​

១. ការប្រើ​ជា​ថ្នាំ​សំលាប់​សត្វល្អិត​
            ដើម្បី​សំលាប់​ដង្កូវ​យោល​ទោង ដង្កូវ​ស៊ី​រូង​ដើម ស្រឹង​ខ្មៅ​ខ្នង មមាច​ត្នោត និង​មមាច​ខៀវ យើង​អនុវត្ត​ការប្រើប្រាស់​ដូច​ខាង​​ក្រោម :
របៀប​ប្រើ​សំរាប់​ត្រាំ​ឫស​សំណាប :
        យក​វល្លិ៍​បណ្តូល​ពេជ្រ​ចំនួន ២ គីឡូក្រាម ទៅ​កាត់​ឲ្យ​ខ្លីៗ ហើយ​បន្ទាប់មក​យក​ទៅ​កិនបំបែកលាយ ​វល្លិ៍ ដែល​យើង​បំបែក​រួច​ជាមួយទឹក ១០ លីត្រ ហើយ​ត្រាំ​សំណាប​ក្នុង​ល្បាយ​នេះ​រយៈពេល ១ យប់​មុននឹង​យក​ទៅ​ស្ទូង ។​
របៀប​ប្រើ​លើ​ស្រូវ​កំពុង​ដុះ​លូតលាស់​
         កាត់​វល្លិ៍ជាកំ​ណាត់ៗ ប្រវែង ៣ តឹក ហើយ​ចងវា​ទៅ​នឹង​បង្គោល​ឫស្សី​របៀប​ដូចជា​កាំជណ្តើរ​ដាក់​ជណ្តើរ​នេះ​នៅ​ត្រង់​មាត់​ច្រក​ទឹក​ហូរ​ចូល​ស្រែ ។ ទឹកនឹង​ហូរ​កាត់​ពី​លើ​វា ហើយ​នាំយក​សារធាតុពុល​ដល់​សត្វល្អិត​ទៅ​ជាមួយ ដោយ​ហូរ​រាយ​ពេញ​ក្នុង​ស្រែ ។​
របៀប​ប្រើ​កប់ដើម​ទៅក្នុង​ដី និង​បាច​ក្នុង​ស្រែ​
កាត់​វល្លិ៍ជាកំ​ណា​ត់​ខ្លីៗ បាច​ឲ្យ​ស្មើរ​ដៃ​ទៅក្នុង​ស្រែ ។ គេ​ប្រើ​វា​ក្នុង​បរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុង​មួយ​ហិកតា ចំពោះ​សត្វល្អិត​
ច្រើន​យើង​ប្រើ​ដូចខាងក្រោម :
១- បាច​ហើយ​កប់​វា​ទៅ​ក្រោយ​ពេល​ភ្ជួរ និង​មុន​ពេល​រា​ស់ដី​
២- បាច​វា​ក្នុង​ស្រែ​រយៈពេល ២៥ ថ្ងៃ​ក្រោយ​ពេល​ព្រោះ ឬ​ស្ទូង​
៣- បាច​វា​ក្នុង​ស្រែ​រយៈពេល ៥០ ថ្ងៃ​ក្រោយ​ពេល​ព្រោះ ឬ​ស្ទូង ។​
ចំពោះ​សត្វល្អិត​មធ្យម យើង​ប្រើ​ដូចខាងក្រោម :
១. បាច​ហើយ​កប់​វា​ទៅ​ក្នុង​ដី ក្រោយពេល​ភ្ជួរ និង​មុន​ពេល​រា​ស់ដី​
២. បាច​វា​ក្នុង​ស្រែ​រយៈពេល ៥០ ថ្ងៃ ក្រោយពេល​ព្រោះ ឬ​ស្ទូង ៕
​by CEN