| បទពិសោធន៍ដាំសាលាដ៏ទុកពូជ | 
|   លោកពូ ភេ សារី មានអាយុ ៤៤ ឆ្នាំ   ជាកសិកររស់នៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍   ខេត្តស្វាយរៀង ។ គាត់មានបទពិសោធន៍ដាំសាលាដ៏ទុកពូជបានយ៉ាងល្អ ។   បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ហើយគាត់បានអនុវត្តន៍អស់រយៈពេលបីឆ្នាំកន្លងមកហើយ   ។ នៅពេលនេះ គាត់ពេលចិត្តនឹងចែករំលែកបទពិសោធន៍ទៅឲ្យកសិករផ្សេងទៀត   ដើម្បីយកទៅសាកល្បងតាម : ១.ការរៀបចំដីសម្រាប់ដាំ  គាត់កាប់ដីហាលចោល   ១ អាទិត្យ ដើម្បីឲ្យដីឆ្អិន (ស្រស់ទឹកល្អ) បន្ទាប់មកលើកជារងដែលមានទទឹងប្រវែង   ២ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ ។ នៅលើរង គាត់បានឆាយឲ្យអស់ស្មៅ   និងជ្រុំដីឲ្យម៉ដ្ឋល្មម ដាក់ជីលាមកសត្វពុកផុយ ។ ២.ការសាប   និងការថែទាំ  មុនពេលសាប   គាត់បានយកគ្រាប់សាលាដ៏លាយជាមួយផេះយកទៅសាបនៅលើថ្នាលដែលរៀបចំរួច ។   ក្រោយពីសាបហើយ គាត់បានស្រោចទឹក ១ ថ្ងៃ ២ ដង ។   នៅពេលមានស្មៅគាត់ដកស្មៅបំផុសដី ដើម្បីឲ្យកូនសាលាដ៏លូតលាស់ល្អ ។ ៣.ការស្ទូងកូន   ឬការដាំ  ក្រោយពីសាបបានរយៈពេល   ២០ ថ្ងៃ គាត់បានដកកូនយកទៅស្ទូងនៅលើរងដែលបានរៀបចំរួច ។   ការស្ទូងគឺធ្វើនៅពេលល្ងាច ឬពេលព្រឹកព្រលឹមដែលមានធាតុអាកាសត្រជាក់   និងស្ទូងនៅចន្លោះគុម្ព ១-១.៥ តឹក កុំឲ្យញឹកពេក   ឲ្យមានពន្លឺចូលគ្រប់គ្រាន់ ដើម្បីឲ្យការលូតលាស់ និងផ្កាផ្លែល្អ ។   ក្រោយពីស្ទូងហើយយកចំបើងក្រាលនៅចន្លោះគុម្ពកូនសាលាដ៏ (ក្រាលស្តើង)   ដើម្បីរក្សាសំណើមដី ។ នៅពេលថ្ងៃក្តៅចាប់ពីម៉ោង ៩ ទៅ   គាត់បានយកស្លឹកត្នោត   ឬធាងដូងគ្របពីលើដើម្បីការពារកុំឲ្យស្លោកនៅពេលត្រូវកំដៅ ។   ការគ្របធ្វើឡើងរយៈពេល ៣-៤ ថ្ងៃ ទំរាំសាលាដ៏ចាប់ឫសរឹងមាំទើបលែងគ្រប ។ ៤.ការថែទាំក្រោយពេលដាំ  ចំពោះសាលាដ៏   ជាដំណាំមួយប្រភេទដែលត្រូវការទឹកជាចាំបាច់ ដូចនេះគាត់ត្រូវការស្រោចទឹក   ២-៣ ដង ក្នុងមួយថ្ងៃ ។ ហើយនៅពេលសាលាដ៏មានអាយុ ១៥ ថ្ងៃ (ក្រោយពេលដាំ)   គាត់ជ្រុំដី ពូនគល់ ដាក់ជីធម្មជាតិបន្ថែម ។ ៥.ការប្រមូលផល  ក្រោយពេលដាំបានរយៈពេល   ២៥ ថ្ងៃ គាត់អាចដកយកទៅលក់បាន ។ ហើយចំពោះសាលាដ៏   ដែលគាត់ទុកពូជគាត់ជ្រើសរើសយកប្រភេទដើមណាដែលថ្លោសល្អច្រើន   (មិនយកប្រភេទដើមណាដែលធំពេក តូចពេកហើយមានចំនួនតិចនោះទេ)   មានស្លឹកធំៗល្មម ។ រាល់ ៣-៤ ថ្ងៃម្តងគាត់បានយកកូនកាំបិត   ទៅកាត់ស្លឹកពីក្រោមជាបន្តបន្ទាប់ លុះសាលាដ៏ចេញផ្កាទើបឈប់កាត់ ។   ធ្វើដូចនេះគាត់អាចទទួលផលទាំងគ្រាប់ពូជ និងស្លឹកសាលាដ៏   សម្រាប់លក់ជាបណ្តើររហូតដល់សាលាដ៏ចេញផ្កា ។ ៦.បច្ចេកទេសទុកពូជសាលាដ៏  ក្នុងការទុកពូជ   គាត់ជ្រើសរើសដើមដែលមានសុខភាពល្អ គ្មានការបំផ្លាញពីសត្វល្អិត និងជំងឺ   ហើយដាំរហូតដល់រយៈពេល ៩០ ថ្ងៃ ទើបគ្រាប់ទុំល្អ ។   ប៉ុន្តែក្នុងកំឡុងពេលចេញផ្កា ត្រូវបន្ថយការស្រោចទឹកត្រឹម ១   ដងក្នុងមួយថ្ងៃ និងនៅពេលសាលាដ៏មានស្លឹកពណ៌លឿង ត្រូវស្រោចទឹក ២   ថ្ងៃម្តង ធ្វើដូចនេះរហូតដល់គ្រាប់សាលាដ៏ទុំល្អ ។ ៧.បច្ចេកទេសក្នុងការរក្សាទុកពូជ  នៅលើស្លឹកសាលាដ៏មានពណ៌លឿង   (ពណ៌ចំបើង) គ្រាប់ទុំ គាត់បានដកដើមទៅហាលរយៈពេល ២-៣ ថ្ងៃ ។   បន្ទាប់ពីហាលស្ងួតហើយ បេះយកតែគ្រាប់ដាក់ក្នុងចាន ឬថាសហាលទុករយៈពេល   ២ ម៉ោង ឲ្យគ្រាប់ស្ងួតល្អ   ទើបច្រកទុកក្នុងដបចុកឆ្នុកឲ្យជិតកុំឲ្យខ្មូតចូលមកស៊ី ។   ជាទូទៅគាត់តែងតែទុកពូជនៅរដូវរំហើយ ឬ រដូវប្រាំង   ធ្វើឲ្យគ្រាប់ស្ងួតល្អអាចរក្សាទុកបានយូរ ។ ៨.ចំណាប់អារម្មណ៍  ចំពោះការដាំសាលាដ៏ទុកពូជនេះ   លោកពូមានចំណាប់អារម្មណ៍ថា មានលក្ខណៈងាយស្រួលមិនលំបាកទេ ។   ហើយម្យ៉ាងយើងមិនចំណាយទៅលើប្រាក់កាសក្នុងការទិញពូជ ។   ប្រមូលផលស្លឹកបានបណ្តើរៗ ហើយទទួលបានគ្រាប់ពូជសម្រាប់ដាំ   និងអាចចែកចាយឲ្យញាតិមិត្តជិតខាងបានដាំផងដែរ។ សរុបមក   បច្ចេកទេសសំខាន់ៗក្នុងការដាំសាលាដ៏ទុកពូជមាន:  - កាប់ដីហាលចោលឲ្យឆ្អិនល្អ   និងជ្រុំជីលាមកសត្វពុកផុយដាក់បញ្ចូលក្នុងរង  - សាបគ្រាប់ឲ្យបានស្តើង   និងដករំដោះកូនចេញខ្លះដោយទុកតែដើមណាដែលថ្លោសល្អ  - ស្ទូងនៅពេលអាកាសធាតុត្រជាក់   (ព្រឹកព្រលឹម ឬល្ងាច) នៅចន្លោះគុម្ព ១-១.៥ តឹក  - ស្ទូងរួច   ប្រើគំរបធាងដូងគ្របកុំឲ្យអន់ដើមនៅពេលត្រូវកំដៅថ្ងៃ  - ឧស្សាហ៍ដកស្មៅបំផុសដី   និងជ្រុំគល់ដាក់ជីនៅពេលសាលាដ៏មានអាយុ ១៥ ថ្ងៃ  - នៅពេលសាលាដ៏ចេញផ្កា   ត្រូវបន្ថយការស្រោចទឹក ១ ថ្ងៃ ម្តង និងក្រោយចេញផ្កា ២ ថ្ងៃម្តង   បន្តរហូតដល់គ្រាប់សាលាដ៏ទុំល្អ  - នៅពេលគ្រាប់សាលាដ៏ទុំ   ដកដើមហាលថ្ងៃរយៈពេល ២-៣ ថ្ងៃ ឲ្យស្ងួតល្អ  - ច្របាច់   និងអុំរោយយកគ្រាប់ហាលថ្ងៃឲ្យស្ងួតច្រកទុកក្នុងដបបិតជិត កុំឲ្យខ្មូតស៊ី   ៕ By CEN | 
NavigationBar
NavigationBar
 
