| បទពិសោធន៍ដាំខ្ទឹមស | 
|        លោកពូ តិច គាង អាយុ ៤៥ ឆ្នាំ   រស់នៅភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។   គាត់មានបទពិសោធន៍ដាំខ្ទឹមសបានផលល្អ ទិន្នផលខ្ពស់ ។ បទពិសោធន៍នេះ   គាត់ចេះតៗគ្នា ពីកសិករដែលធ្វើការដាំដុះនៅក្នុងតំបន់របស់គាត់ ។   នៅលើផ្ទៃដីទំហំ ៧ អារ គាត់ទទួលបានទិន្នផល ៥៦០ គីឡូក្រាម   ហើយលក់បានក្នុងតំលៃ ២៥០០ រៀល ក្នុង ១ គីឡូក្រាម   បើទូទាត់លើការចំណាយគាត់ទទួលបានប្រាក់ចំណេញ ៥៩២ ០០០ រៀល ក្នុងរយៈពេល ៤៥   ថ្ងៃ ឬប្រហែល ១៣ ០០០ រៀល ក្នុង ១ ថ្ងៃ ។            ១.ការត្រៀមពូជដាំ        ពូជខ្ទឹមដែលដាំបានមកពីការទិញនៅទីរួមខេត្តបាត់ដំបង   ។ នៅលើផ្ទៃដីទំហំ ៧ អារ គាត់ដាំពូជអស់ចំនួន ១៧គីឡូក្រាម ។ មុនដាំ   គាត់បានយកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ   បន្ទាប់មកទើបយកទៅដាំ ។            ២.ការរៀបចំដីដាំនិងការដាំ         ក្នុងការធ្វើដី   លោកពូមានបទពិសោធន៍ថាត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា   និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់ ។ បន្ទាប់មក   គាត់កាប់លើកជារងដែលមានទទឹង ១ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងកំពស់   ២,៥ តឹក ។ នៅលើរងនិមួយៗ   គាត់បានដាក់ជីលាមកសត្វពុកផុយទ្រាប់បាត ។   គាត់បានយកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ   និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ                ៣.ការថែទាំ          ក្រោយពីដាំហើយ   គាត់ស្រោចទឹកឲ្យជោគ នៅពេលខ្ទឹមដុះ គាត់កាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព   ។ គាត់ថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច) ។ ក្រៅពីការស្រោចទឹក   គាត់បានជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ ។ ក្នុងការដាំខ្ទឹមនេះ   គាត់ពុំបានជួបប្រទះសត្វល្អិតបំផ្លាញទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល   ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត ។ ចំពោះដី   គាត់ដាក់តែមួយដងប៉ុណ្ណោះ ប៉ុន្តែដាក់ច្រើននៅពេលទ្រាប់បាត ។            ៤.ការប្រមូលផល       ក្រោយពីដាំបានរយៈពេល   ៤៥ ថ្ងៃ គាត់ចាប់ផ្តើមដកប្រមូលផល ។ នៅលើផ្ទៃដី ៧ អារ គាត់ប្រមូលផលបាន   ៥៦០ គីឡូក្រាម ។ ទូទាត់លើការចំណាយ គាត់ទទួលបានប្រាក់ចំណេញសុទ្ធ ៥៩២ ០០០ រៀល   ។  សរុបមក   បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:  - រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា   និងហាលឲ្យស្ងួតល្អ  - ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន  - កប់មើមខ្ទឹមដាំក្នុងជំរៅរាក់   ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ  - ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ   ២ តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់  - ថែទាំស្រោចទឹក ដកស្មៅ   និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម ៕ By CEN | 
NavigationBar
NavigationBar
 
