NavigationBar

NavigationBar
វិធីនានាដើម្បីកំចាត់សត្វល្អិតបំផ្លាញដំណាំស្រូវ
របៀប​កំចាត់​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ ដោយ​ប្រើ​រុក្ខជាតិ​វល្លិ៍​បណ្តូល​ពេជ្រ​

        ដើម​បណ្តូល​ពេជ្រ ជា​រុក្ខជាតិ​ប្រភេទ​វា​រតោង​ម្យ៉ាង មាន​ឫ​សវែង​ធ្លាក់ចុះ​មក​ដី ដើម​ដែល​ជា​វល្លិ៍ មាន​លក្ខណៈ​ពកៗ មិន​ស្មើ​​គ្នា និង​មាន​រសជាតិ​ល្វីង ជាពិសេស​ដើម ដែល​មាន​អាយុ​ពី១០ ខែ​ឡើង​ទៅ វា​មាន​សារធាតុ​គ្រប់គ្រាន់​សំរាប់​ប្រើ ។ ស្លឹក​របស់​វា​មាន​ទង​​វែង​រលីង ផ្ទៃ​ស្លឹក​ខាងលើ​មាន​ពណ៌​បៃតង ចាស់​ជាង​ខាងក្រោម ។ ផ្កា​ជា​កញ្ចុំ​រួត ញឹក ចេញ​ពី​ត្រង់​ប្រគាប​ស្លឹក ។ ផ្លែ​រាង​មូល​ដូច​ស៊ុត​​មាន​គ្រាប់​មួយ ។ រុក្ខជាតិ​នេះ មានឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា ទីណូ​ស្ព័​ររ៉ា គ្រីស​ស្ប៉ា (Tinospora crispa) ។​

         រុក្ខជាតិ​នេះ​ច្រើន​ដុះ​នៅក្នុង​ព្រៃ ហើយ​កសិករ​យើង​មិនសូវ​យកចិត្តទុកដាក់​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មាន​កសិករ​មួយ​​ចំនួន​បាន​ស្គាល់ ហើយ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការព្យាបាល​ជំងឺ ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញឲ្យឃើញថា រុក្ខជាតិ​នេះ​មាន​សារៈ​​ប្រយោជន៍​ណាស់​អាច​ប្រើ​ជា​ថ្នាំ​សំលាប់​សត្វល្អិត​បំផ្លាញ​ដំណាំ​ផង និង​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​មនុស្ស និង​សត្វ​ផង ។ ប៉ុន្តែ​យើង​សូម​​បង្ហាញ​ជូន​ទៅ​លើ​ការប្រើ​សំរាប់​កំចាត់​សត្វល្អិត​ប៉ុណ្ណោះ ។​

        ១. ការប្រើ​ជា​ថ្នាំ​សំលាប់​សត្វល្អិត​
            ដើម្បី​សំលាប់​ដង្កូវ​យោល​ទោង ដង្កូវ​ស៊ី​រូង​ដើម ស្រឹង​ខ្មៅ​ខ្នង មមាច​ត្នោត និង​មមាច​ខៀវ យើង​អនុវត្ត​ការប្រើប្រាស់​ដូច​ខាង​​ក្រោម :

         របៀប​ប្រើ​សំរាប់​ត្រាំ​ឫស​សំណាប :
        យក​វល្លិ៍​បណ្តូល​ពេជ្រ​ចំនួន ២ គីឡូក្រាម ទៅ​កាត់​ឲ្យ​ខ្លីៗ ហើយ​បន្ទាប់មក​យក​ទៅ​កិនបំបែកលាយ ​វល្លិ៍ ដែល​យើង​បំបែក​រួច​ជាមួយទឹក ១០ លីត្រ ហើយ​ត្រាំ​សំណាប​ក្នុង​ល្បាយ​នេះ​រយៈពេល ១ យប់​មុននឹង​យក​ទៅ​ស្ទូង ។​

របៀប​ប្រើ​លើ​ស្រូវ​កំពុង​ដុះ​លូតលាស់​
         កាត់​វល្លិ៍ជាកំ​ណាត់ៗ ប្រវែង ៣ តឹក ហើយ​ចងវា​ទៅ​នឹង​បង្គោល​ឫស្សី​របៀប​ដូចជា​កាំជណ្តើរ​ដាក់​ជណ្តើរ​នេះ​នៅ​ត្រង់​មាត់​ច្រក​ទឹក​ហូរ​ចូល​ស្រែ ។ ទឹកនឹង​ហូរ​កាត់​ពី​លើ​វា ហើយ​នាំយក​សារធាតុពុល​ដល់​សត្វល្អិត​ទៅ​ជាមួយ ដោយ​ហូរ​រាយ​ពេញ​ក្នុង​ស្រែ ។​

របៀប​ប្រើ​កប់ដើម​ទៅក្នុង​ដី និង​បាច​ក្នុង​ស្រែ​
កាត់​វល្លិ៍ជាកំ​ណា​ត់​ខ្លីៗ បាច​ឲ្យ​ស្មើរ​ដៃ​ទៅក្នុង​ស្រែ ។ គេ​ប្រើ​វា​ក្នុង​បរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុង​មួយ​ហិកតា ចំពោះ​សត្វល្អិត​ច្រើន​យើង​ប្រើ​ដូចខាងក្រោម :

១- បាច​ហើយ​កប់​វា​ទៅ​ក្រោយ​ពេល​ភ្ជួរ និង​មុន​ពេល​រា​ស់ដី​
២- បាច​វា​ក្នុង​ស្រែ​រយៈពេល ២៥ ថ្ងៃ​ក្រោយ​ពេល​ព្រោះ ឬ​ស្ទូង​
៣- បាច​វា​ក្នុង​ស្រែ​រយៈពេល ៥០ ថ្ងៃ​ក្រោយ​ពេល​ព្រោះ ឬ​ស្ទូង ។​

ចំពោះ​សត្វល្អិត​មធ្យម យើង​ប្រើ​ដូចខាងក្រោម :
១. បាច​ហើយ​កប់​វា​ទៅ​ក្នុង​ដី ក្រោយពេល​ភ្ជួរ និង​មុន​ពេល​រា​ស់ដី​
២. បាច​វា​ក្នុង​ស្រែ​រយៈពេល ៥០ ថ្ងៃ ក្រោយពេល​ព្រោះ ឬ​ស្ទូង ៕

បទពិសោធន៍​កាត់បន្ថយ​ក្តាម​កាត់​ស្រូវ​

            មានបទពិសោធន៍​របស់​កសិករ​ជាច្រើន ដែល​យើងខ្ញុំ​បាន​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​លេខ ៣ ខែ សីហា ឆ្នាំ ២០០១ កន្លង​​មក​ស្តី​អំពី​របៀប​កំចាត់​ក្តាម​កាត់​ស្រូវ​នៅក្នុង​ស្រែ ដូចជា​មាន​កសិករ​ខ្លះ​នៅ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង គាត់​បាន​យក​រុក្ខជាតិ​ម្យ៉ាង​​មានឈ្មោះ​ថា វល្លិ៍​រឡេះ​ជើងក្តាម ឬ​ដើម​ជ្រលាត់ដៃ កាត់​ជា​កង់​ខ្លីៗ បាច​ពេញ​ក្នុង​ស្រែ អាច​ជួយ​បណ្តេញ​ក្តាម​មិនឲ្យ​មក​កាត់ស្រូវ ​ជាពិសេស​ស្រូវ​កំពុង​បែក​គុម្ព ។​
        នៅ​លេខ​នេះ យើងខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍កំ​ចាត់​ក្តាម​មួយទៀត​របស់​កសិករ​ប្រទេស​ឥណ្ឌា ដែល​បាន​អនុវត្ត​អស់​​រយៈពេល ៣០ ឆ្នាំ​កន្លងមកហើយ ។ បទពិសោធន៍​នោះ គឺ​គាត់​បាន​យក​គ្រាប់អំពិល ទុំ​ទៅ​ត្រាំ​ទឹក​រយៈពេល ២៤ ម៉ោង​ដើម្បី​ឲ្យ​គ្រាប់​​រីក និង​ស្អិត ។ បន្ទាប់មក យើង​យក​គ្រាប់​អំពិល ៥ ទៅ ៦ គ្រាប់ ទៅ​ធ្វើ​ជា​ចំណី​ក្តាម ដោយ​ដាក់​នៅ​ជុំវិញ ឬ​ក្បែរៗ រន្ធ​ក្តាម ។ នៅ​​ពេល​ក្តាម​មក​ស៊ី​គ្រាប់​អំពិល នោះ​វា​ខំប្រឹង​ទំពារ​គ្រាប់អំពិល​កាន់តែ​រីក​ខ្លាំង ហើយ​ស្អិត​ជាប់​នៅ​ពេញ​ក្នុង​មាត់​ក្តាម ។ រយៈពេល ១ ទៅ​ ២ ថ្ងៃ​ក្រោយមក​ក្តាម​នឹង​ងាប់ ។ គេ​អាច​ព្រោះ ឬ​ពង្រាយ​គ្រាប់អំពិល​ដែល​ត្រាំ ហើយ​នៅ​តាម​ភ្លឺ ឬ​តាម​ជ្រុង​នីមួយៗ ជុំវិញ​ស្រែ​ក្នុង​​បរិមាណ ៨០០ គីឡូក្រាម​គ្រាប់ ក្នុង ១ ហិកតា ។

សរុបមក វិធីសាស្ត្រ​យ៉ាង​សាមញ្ញ​សំរាប់​កំចាត់​ក្តាម​ឲ្យមាន​ប្រសិទ្ធិភាព ដែល​កសិករ​ក្នុង និង​ក្រៅប្រទេស​បាន​អនុវត្ត​កន្លង​​មក​គឺ :
យក​ដើម​ជ្រលាត់ដៃ និង​វល្លិ៍​រឡេះ​ជើង​ក្តាមកាប់​បាច​ក្នុងស្រែ​
យក​គ្រាប់អំពិល​ត្រាំ​ទឹក​ឲ្យ​រីក ដាក់​រាយ​ពេញ​ស្រែ ឬ​ដាក់​នៅ​តាម​ជ្រុង​ស្រែ ។

          ដូច្នេះ​បើ​មាន​បញ្ហា​ក្តាម​កាត់​ស្រូវ សូម​បងប្អូន​កសិករ​សាកល្បង​នូវ​បទពិសោធន៍​ខាង​លើ ច្បាស់​ជា​បាន​ផល​ជាក់​ជាមិនខាន ៕

របៀប​ប្រើ​ម្សៅ​ស្តៅ​លើ​ដំណាំ​ស្រូវ ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​របស់​សត្វល្អិត​

             ស្តៅ គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​ប្រជាជន​យើង​ធ្លាប់​ស្គាល់ និង​តែងតែ​ប្រើ​វា​យក​ធ្វើ​ថ្នាំ​ព្យាបាល ​រោគ​មនុស្ស សត្វ​និង​ជា​​បន្លែ​បរិភោគ ។ មិនតែប៉ុណ្ណោះ ស្តៅ​អាច​ប្រើ​ធ្វើជា​ថ្នាំ​សំលាប់​សត្វល្អិត​លើ​ដំណាំ​ស្រូវ​បាន​យ៉ាង​ប្រសើរ​ទៀតផង ។​

            តាម​ការបង្ហាញ​របស់​លោក ពីន្ស ក្លា​វ្ស (Pinz Klaus) នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​​គោលការណ៍​ធម្មជាតិ​បានឲ្យដឹងថា កសិករ​នៅ​ប្រទេស​ថៃ​បាន​យក​គ្រាប់ ស្តៅ​ទៅ​ប្រើលើ​ដំណាំ​ស្រូវ​ដើម្បី​កំចាត់​សត្វល្អិត​មួយចំនួន​​ដូចជា មមាច​ខៀវ ដង្កូវ​ស៊ី​រូង​ដើម ទ្រី​ប​ជញ្ជក់​ស្លឹក ដង្កូវ​ហ្វូង​ពណ៌​ត្នោត ស្រឹង ទ្រី​ប​មូល​ស្លឹក ៘​

           ចំណែក​របៀប​ធ្វើ និង​ប្រើ បង្ហាញជូន​ខាងក្រោម :

           ១. របៀប​ផលិត​ម្សៅ​ស្តៅ​
             ជាដំបូង ត្រូវ​ប្រមូល​ផ្លែ​ស្តៅ​ដែល​ទុំ​ជ្រុះ​នៅ លើ​ដី​យក​ទៅ​ហាល​នៅ​កន្លែង​ម្លប់​ដែល​មាន​ខ្យល់​ចេញចូល ( ហាល​នៅក្រោម​​កំដៅ​ថ្ងៃ អាច​ធ្វើឲ្យ​សារធាតុ​សកម្ម​ក្នុង​គ្រាប់​មួយចំនួន​បាត់បង់ និង​លែង​មាន​ប្រសិទ្ធិភាព ) ។​​ ​បន្ទាប់មក នៅពេល​ហាល​ស្ងួត​យក​គ្រាប់ស្តៅម​កកិន ឬ​បុក​ឲ្យ​ម៉ដ្ឋ​ក្លាយ​ជា​ម្សៅ​ស្តៅ​អាច​យក​ទៅ​ប្រើ​បាន ។ ការប្រើ​ម្សៅ​​ស្តៅតិច ហើយ​ថ្មីៗ​មាន ប្រសិទ្ធិភាព​ខ្លាំង តែបើ​ចង់ទុក​ម្សៅ​ប្រើ​ឲ្យបាន​យូរ​ត្រូវ​ហាល​ម្សៅ​នោះ​ក្នុង​ម្លប់​ឲ្យ​ស្ងួត និង​ហាល​ឲ្យ​យូរ​បើ​​ហាល​មិន​ស្ងួត​អាច​ដុះ​ផ្សិត ឬ​ខូច ។ ក្រោយ​ពី​ហា​លហើយ​ត្រូវ​ទុក​ក្នុង​ថង់ប្លាស្ទិក ឬ​ដប​បិទ​ឲ្យ​ជិត​កុំឲ្យ​ខ្យល់ចូល និង​រក្សា​ទុក​កន្លែង​​ងងឹត និង​ត្រជាក់​ទើប​ប្រើ​បានយូរ ។

           បើ​ចង់បាន​ម្សៅ​ល្អ គួរ​យក​តែ​គ្រាប់ស្តៅ​សុទ្ធ (​មិន​យក​សាច់​ផ្លែ​ទេ​) ដោយ​លាង​ច្របាច់​យក​សាច់​ផ្លែ​ចេញ ឬ​ប្រើ​ខ្សាច់​ម៉ដ្ឋ​​ច្របាច់​យក​សាច់​ចេញ រួច​លាង​ហាល​ឲ្យ​ស្ងួត ។​

              ២. របៀប​ប្រើ​នៅក្នុង​ដំណាក់កាល​ត្រាំ​គ្រាប់ពូជ​ក្នុង​ការប្រើប្រាស់​ម្សៅ​ស្តៅ គេ​អាច​ប្រើ​បាន​ពីរ​របៀប :
របៀប​ទី ១ : យក​ម្សៅ​ស្តៅ ១ គីឡូក្រាម ទៅ​លាយ​ជាមួយ​ទឹក​ក្នុង​បរិមាណ​មួយ​ដែល​សមស្រប​ល្មម អាច​ត្រាំ​គ្រាប់​ពូជស្រូវ ១៦ គី​ឡូ​​ក្រាម​ឲ្យ​លិច ។ យក​គ្រាប់​ពូជ​ច្រក​ក្នុង​បាវ​ក្រ​ចៅ ហើយ​ត្រាំ​ក្នុង​ទឹក​ស្តៅ​នេះ​រយៈពេល ៤៨ ម៉ោង រួច​ស្រង់​ផ្អាប់​ទុក​មួយ​យប់ ។ ក្នុង​​រយៈពេល​នេះ​ទឹក​ស្តៅ​ជ្រាប​ចូលក្នុង​គ្រាប់ពូជ ។​
របៀប​ទី ២ :កសិករ​ខ្លះ​មាន​ដី​ច្រើន ត្រូវការ​គ្រាប់ពូជ​ច្រើន​ដើម្បី​សាប ។ ដូច្នេះ​គាត់​មិន​អាច​ត្រាំ​គ្រាប់​នៅ​ក្នុង​ពាង ឬ​ធុង​តូចៗ​បានទេ​​ហើយ​តំរូវ​ឲ្យ​ត្រាំ​ក្នុង​ទឹក​ត្រពាំង ឬ​អូរ ។ ក្នុងករណីនេះ គេ​អាច​ប្រើ​ម្សៅ​ស្តៅ​រោយ​លើ​ថ្នាលសំណាប​មុន ឬ​ក្រោយ​ពេល​សាប​គ្រាប់​រួច ។ នៅពេលនោះ គ្រាប់​ដែល​ចាប់ផ្តើម​ដុះ​ថ្មី​នឹង​ស្រូប​យក​សារធាតុ​សកម្ម​កំចាត់​សត្វល្អិត​តែម្តង ។​

              ៣. របៀប​ប្រើ​នៅ​ដំណាក់កាល​ស្ទូង​ហើយ
               នៅ​ដំណាក់កាល​ស្ទូង​ហើយ​បាន ៧ ថ្ងៃ អាច​ប្រើ​ទឹក​ស្តៅ​លាយ បាញ់​បានដែរ ។ តែ​ការប្រើ​ក្នុងដំណាក់កាល​នេះ​អស់​​បរិមាណ​ស្តៅ​ច្រើន​ពី ៤០ ទៅ ៥០ គីឡូក្រាម ក្នុង​មួយ​ហិកតា ។ ការ​លាយ​ទឹក​ស្តៅ​បាញ់ប្រើ​បរិមាណ​ម្សៅ ១ គីឡូក្រាម លាយ​ទឹក ២០ លីត្រ ទុក​រយៈពេល​ពី ១ ទៅ ២ យប់ ឬ​រក្សាទុក​នៅ​កន្លែង​ងងឹត ហើយ​ត្រជាក់​ឲ្យបាន​តិចជាង ៧ ថ្ងៃ ។ ក្នុងការ​បាញ់​ត្រូវ​យក​ ​ទឹក​ស្តៅ​ដែលបាន លាយ​ខាងលើ​មក​បាញ់ ដោយ​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​កំរិត​ស្មើគ្នា (១:១) ហើយ​បាញ់​នៅ​ពេល​មេឃ ស្រទុំ ឬ​​ពេល​ល្ងាច​ពី​ម៉ោង ៤ ដល់ ម៉ោង ៦ ។

              យើងខ្ញុំ​សូម​បញ្ជាក់​ផងដែរ​ថា ក្នុង​ករណី​មិន​មាន​គ្រាប់ស្តៅ​ត្រូវ​ប្រើ​ស្លឹក​ស្តៅ​ជំនួស​ដោយ បង្កើន​បរិមាណ​ស្លឹក​ស្រស់​ក្នុង​​ទំងន់ ៣ ដង លើស​ការប្រើ​ផ្លែ និង​គ្រាប់ ។ ដោយ​យក​ស្លឹក​ស្តៅ​ទៅ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ឬ​បុក រួច​ត្រាំ​ក្នុង​ទឹក​ដូចគ្នា ៕

បទពិសោធន៍​សំលាប់​ក្តាម​កាត់​ស្រូ

ក្នុងចំណោម​សត្វ​ចង្រៃ​ដែល​បំផ្លាញ​ដំណាំ​ស្រូវ ក្តាម​ក៏​ជា​សត្វ​ចង្រៃ​មួយ​ប្រភេទ​ដែរ វា​តែងតែ​កាត់​ដើមស្រូវ ជាពិសេស​​សន្ទូង​នៅ​ខ្ចី មិន​តែ​ប៉ុណ្ណោះ​វា​ស៊ី​កូន​ត្រី​តូចៗ​នៅក្នុង​បឹង ។ ដើម្បី​កំចាត់​ក្តាម យើង​មាន​បទពិសោធន៍​ច្រើន​ផ្សេងគ្នា​ទៅ​តាម​តំបន់​ដូចជា​​នៅ​ភូមិ​ស្វាយ​ចំបក់ ស្រុក​កណ្តៀង ខេត្ត​ពោធិសាត់ កសិករ ភី ម៉េង​យៀន បាន​ប្រើ​ដើម​ជ្រលាត់ដៃ និង​រលេះ​ជើង​ក្តាម​កាប់​ដាក់ចូល​​ក្នុង​ស្រែ​ដើម្បី​កំចាត់​ក្តាម ។ នៅ​លេខ​នេះ ខ្ញុំ​មាន​បទពិសោធន៍​ថ្មី​មួយទៀត​ក្នុងការ​កំចាត់​ក្តាម​កាត់​សន្ទូង​របស់​លោក​ពូ កែវ សំអុល ​ជា​កសិករ​រស់នៅ ភូមិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បង្ហាញជូន​ដូចខាងក្រោម :

            នៅពេល​ដែល​សង្កេត​ឃើញ​ថា​មាន​ក្តាម​កាត់​សន្ទូង លោកពូ​បាន​យក​ផ្លែ​ល្ពៅ​ខ្ចី​មក​កាប់​ចិញ្ច្រាំ​រួច​ព្រាច​ចូល​ក្នុង​ស្រែ​ដែល​ត្រូវ​ក្តាម​បំផ្លាញ ។ ក្រោយ​ពី​ការ​ព្រាច​ហើយ​រយៈពេល ២ ទៅ ៣ ​ថ្ងៃ គាត់​សង្កេត​ឃើញ លែង​មាន​ក្តាម​កាត់​ស្រូវ​គាត់​ទៀត ។ ដោយ​ឃើញ​មាន​ប្រសិទ្ធភាព​ដូច្នេះ លោកពូ​បាន​កាប់​ចិញ្ច្រាំ​ល្ពៅ​ខ្ចី​នេះ ​ព្រាច​ដាក់​នៅក្នុង​បឹង​របស់​គាត់​ដែល​មាន​ចិញ្ចឹម​ត្រី ក្រោយ​ពី​ការ​ព្រាច​ល្ពៅ​រយៈពេល ២ ថ្ងៃ ៣ ថ្ងៃ គាត់​សង្កេត​ឃើញ​ថា​ក្តាម​លែង​ស៊ី​​កូន​ត្រី​គាត់​ទៀត ហើយ​ឃើញ​ក្តាម​ងាប់​អណ្តែត​លើ​ផ្ទៃ​ទឹក ។​

       តាម​ចំណាប់អារម្មណ៍​របស់​លោក​ពូ​បានឲ្យដឹងថា ផ្លែ​ល្ពៅ​ខ្ចី​វា​មាន​ជាតិ​ជ័រ​ម្យ៉ាង​ដែល​ធ្វើឲ្យ​ក្តាមងាប់​បាន​ក្នុងរយៈពេល ២ ​ទៅ ៣ ថ្ងៃ ក្រោយពី​បាន​ស៊ី​ផ្លែ​ល្ពៅ​នោះ ។​

       សរុបមក ដើម្បី​កំចាត់​ក្តាម​កាត់​សន្ទូង​ខ្ចីៗ គេ​អាច​សាកល្បង​ប្រើ​រុក្ខជាតិ​មួយចំនួន​ដូចជា ជ្រលា​ត់ដៃ ដើម​រលេះ​ជើង​ក្តាម ​ផ្លែ​ល្ពៅ​ខ្ចី​កាប់​ព្រាច​ដាក់​ក្នុង​ស្រែ ៕

បទពិសោធន៍​ការពារ​សត្វល្អិត​ដោយ​ត្រាំ​ពូជ​ក្នុង​ទឹក​ស្តៅ​មុន​ដាំ​

          លោកពូ ឆាយ សាវុន ដែល​ជា​កសិករ​រស់នៅ​ភូមិ​ចំរេះ ឃុំ​គោ​កខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។ ក្រោយពី​បាន​ចូលរួម​​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ និង​អាន​ព្រឹត្តិបត្រ​កសិករ ដែល​បាន​ចុះផ្សាយ​ក្នុង ខែ​ឧសភា ​ឆ្នាំ​២០០២ ដែល​សរសេរ​អំពី​ការប្រើ​ស្លឹក​ស្តៅ កំចាត់​សត្វល្អិត​លើ​ដំណាំ​ស្រូវ​មក លោកពូ​បាន​ធ្វើ​ការសាកល្បង​តាម ។ គាត់​បាន​យក​ស្លឹក​​ស្តៅ ២ តៅ បុក​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ត្រាំ​ទឹក​ចោល​មួយ​យប់ បន្ទាប់​មក​ច្រោះ​យក​ទឹក​ទុក​សំរាប់​ត្រាំ​គ្រាប់​ពូជស្រូវ ។ ទឹក​ត្រាំ​ស្តៅ​លៃ​យ៉ាងណា​​ដាក់​ឲ្យ​លិច​ស្រូវ ៣ តៅ ។ គ្រាប់​ពូជស្រូវ​មុន​ដាក់​ត្រាំ​ក្នុង​ទឹ​កស្តៅចាំបាច់​ត្រូវ​ជ្រើស​រើសសំរាំងយ​ក​ពូជ​សុទ្ធ គ្រាប់​ពេញ​ល្អ​មក​ត្រាំ ។​កន្លង​​មក លោកពូ សាវុន បាន​ត្រាំ​ពូជស្រូវ​អ៊ី​អ៊ែ ៣ តៅ សំរាប់​ស្ទូង​លើដី ៤៧ អារ ។ ក្រោយ​ពី​ត្រាំ​គ្រាប់​ពូជស្រូវ​ក្នុង​ទឹក​ស្តៅ អស់​រយៈពេល​​មួយ​យប់ បន្ទាប់មក​យក​ទៅ​ផ្អាប់ ២ យប់ ទើប​លោក​ពូ​បាន​យក​គ្រាប់​ទៅ​សាប​ក្នុង​ស្រែ ។ ក្រោយ​ពី​សន្ទូង​លូតលាស់​បែក​គុម្ព​មក គាត់​​សង្កេតឃើញថា​ស្រូវ​របស់​គាត់​លែង​ជួបប្រទះ​នឹង​ក្រា ដង្កូវ​ស៊ី​ស្លឹក​ទៀត ។ ប៉ុន្តែ​នៅ​មាន​ស្រឹង​បំផ្លាញ​បន្តិចបន្តួច​នៅ​ពេល​ដំណាក់កាល​​ស្រូវ​ចេញ​ផ្កា និង​ដាក់​ទឹក​ដោះ ។​​ ​

          ទោះបីយ៉ាងណា​ក៏ដោយ លោកពូ​បាន​ធ្វើ​ការប្រៀបធៀប​ទៅ​ដំណាំ​ស្រូវ​អ្នកជិតខាង ដែល​ដាំ​ដោយ​មិន​បាន​ត្រាំ​គ្រាប់ពូជ​ក្នុង​​ទឹក​ស្តៅ ជាមួយ​ស្រូវ​របស់​គាត់​ដែល​ត្រាំ​គ្រាប់​ជាមួយ​ទឹក​ស្តៅ ឃើញ​ថា​ស្រូវ​របស់​អ្នកជិតខាង​ជុំវិញ​គាត់ ត្រូវ​រង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ​ខាងលើ ចំណែកឯ​ស្រូវ​របស់​គាត់​ពុំ​មាន​សត្វ​បំផ្លាញ គឺមាន​តែ​សត្វ​ស្រឹង​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

        ដូច្នេះ ដើម្បី​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ សូម​បងប្អូន​កសិករ​ត្រាំ​គ្រាប់​ពូជ​នៅ​ក្នុង​ទឹក​ស្តៅ​តាម​បទពិសោធន៍​លោកពូ ​សាវុន ខាងលើ តើ​វា​មាន​ប្រសិទ្ធភាព​យ៉ាងណា ?

By CEN